ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយជាប្រចាំ ជីវិត និងសង្គម !
មហាបាតុកម្ម នៅបាងកក ទាមទារលទ្ធិប្រជាធិបតេយ្យ កំណែទម្រង់រដ្ឋធម្មនុញ្ញ និងស្ថាប័នព្រះមហាក្សត្រ កាន់តែមានសន្ទុះខ្លាំងឡើងៗ !
Mi,14 Oktober 2020 (Time 03:53 )
ដោយ ៖ BMC លោក សូ សារី (ចំនួនអ្នកអាន: 67នាក់)


ថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា
ឆ្នាំ២០២០

ទីក្រុងបាងកកព្រះរាជាណាចក្រថៃ : ពេញមួយថ្ងៃពុធ ទី​១៤ ខែ តុលា ឆ្នាំ២០២០នេះ ប្រជាជនថៃ ភាគច្រើនជាយុវជនជាច្រើនម៉ឺននាក់ បាននាំគ្នាដង្ហែរក្បួន​បាតុកម្មដ៏ធំសម្បើម ដើម្បីទាមទារការវិលត្រលប់មកវិញ នូវលទ្ធិប្រជាធិបតេយ្យ និង​ការ​ធ្វើកំណែទម្រង់​ស្ថាប័នព្រះមហាក្សត្រ ។​ ក្រុម​បាតុករ មានគម្រោង​បន្ត​ មហាបាតុកម្មនេះ នៅថ្ងៃបន្តទៀត បើទោះបីជា​ត្រូវប្រឈម នឹងការគំរាមបង្រ្កាប ពីសំណាក់អាជ្ញាធរ យ៉ាងណាក៏ដោយ ។

បាតុករអះអាងថា មានគ្នាចូលរួម ២០ ម៉ឺននាក់ យោងតាមប្រភពពីអ្នកយកព័ត៌មានបារាំង ដែលមានវត្តមាន​នៅទីក្រុងបាងកកផ្ទាល់ គឺក្រុមបាតុករបានចាប់ផ្តើមជួបជុំគ្នា តាំងតែពីម៉ោង ៨-៩ ព្រឹកម្លេះ បើទោះបីជាមេឃរលឹម អ្នកខ្លះកាន់ឆ័ត្រ អ្នកខ្លះពាក់អាវភ្លៀង ។ នៅតាមបណ្តាញសង្គម ក្រុមបាតុករ អះអាងថា មហាបាតុកម្មនៅថ្ងៃនេះ គឺជាបាតុកម្មដ៏ធំបង្អស់ គិតចាប់ពីឆ្នាំ ២០១៤ មក នៅពេល​ដែលមានរដ្ឋប្រហារយោធា ដឹកនាំដោយក្រុមរបស់​លោក​ ប្រាយុទ្ធ ចាន់អូចា ។ នរគរបាលថៃ បានត្រៀមកំលាំងមិនតិចជាង ១ ម៉ឺននាក់ទេ ។

មានបាតុករជាច្រើនពាន់នាក់ បានចាប់ផ្តើមសំដៅ ដើរទៅ​សកលវិទ្យាល័យថាម៉ាសាត ។ បរិវេណ សកលវិទ្យាល័យ ត្រូវបិទចាក់សោរ តែក្រុមបាតុករ ដែលភាគច្រើនសុទ្ធតែជាយុវជន សិស្សនិស្សិត បាននាំគ្នាសម្រុក ផ្លោះរបងចូលទៅខាងក្នុងទីលាន​នៃសកលវិទ្យាដ៏ធំនេះ ។ ទីបំផុតម៉ោង ប្រមាណជា ​១២ ថ្ងៃត្រង់ សកលវិទ្យាល័យបានសម្រេចបើកទ្វាររបង ឲ្យ​បាតុករចូលទៅក្នុងនោះ ។ ទីលាន​សកលវិទ្យាល័យថាម៉ាសាតនេះ​ មានន័យជានិម្មិតរូបសំខាន់ណាស់ សម្រាប់ការទាមទារលទ្ធិប្រជាធិបតេយ្យ ព្រោះថាទីនោះហើយ ដែល​កាលពី​ថ្ងៃទី ​៦ តុលា ឆ្នាំ ១៩៧៦ សមត្ថកិច្ច​ថៃ បានបាញ់សម្លាប់​និស្សិតថៃជាច្រើននាក់ បន្ទាប់ពីពួកគេបានទាមទារលទិ្ធប្រជាធិបតេយ្យ ។

នៅម៉ោង ប្រហែលជា​ ៣ រសៀល ក្រុមបាតុករ បាននាំគ្នាចេញពី សកលវិទ្យាល័យថាម៉ាសាត ដើរ​សំដៅទៅ​ទីលាន សាណាមលួង ដែលជាទីលានវាលព្រះមេរុ នៅក្បែរព្រះបរមរាជវាំងថៃ និងតុលាការកំពូលថៃ ។ ក្រុមបាតុករ ដើរបណ្តើរ លើកដៃម្រាម ៣ បណ្តើរ ជាសញ្ញានៃចលនាទាមទាររបស់ពួកគេ ។ អ្នកខ្លះកាន់បដា សរសេរថា « ប្រាយុទ្ធ ចុះចេញទៅ » បដាខ្លះសរសេរថា « ត្រូវ​តែរំលំរបបផ្តាច់ការ » ឯបដាខ្លះទៀត សរសេរថា « ជ័យោលទ្ធិប្រជាធិបតេយ្យ » ។

នៅទីលានសាណាមលួង នរគរបាលថៃ បានព័ទ្ធមិនឲ្យ​បាតុករចូលទៅក្នុងទីលានវាលស្មៅទេ ដោយទុកឲ្យ​បាតុករ នៅឈរតាមគែមចិញ្ចឹមថ្នល់ ជុំវិញ​ទីលានតែប៉ុណ្ណោះ ។ ព័ត៌មានចុងក្រោយ​ នៅម៉ោងប្រមាណ​ ៥ ល្ងាច កាលពីថ្ងៃទី១២ខែតុលាឆ្នាំ២០២០គឺមានការប្រទាញប្រទង់គ្នា រវាងបាតុករ និងសមត្ថកិច្ច ដោយទីបំផុត ក្រុមបាតុករ បានសម្រុកចូលទៅ​លើ​វាលស្មៅ នៃទីលានសាណាមលួង ដោយនគរបាល​បានដកថយ តែបានដាក់រនាំងចំងាយ​ ១៥០ ម៉ែត្រ មិនឲ្យ​បាតុករចូលក្បែររបងព្រះបរមរាជវាំងទេ ។

បើតាមការ​ប៉ាន់ស្មានរបស់សមត្ថកិច្ចថៃ បាតុករមានចំនួន​ប្រហែល ២ ម៉ឺននាក់​ នៅទីលាននេះ ។ តែក្រុមបាតុករវិញ អះអាងថា មានគ្នាដល់ទៅ ២០ ម៉ឺននាក់ឯណោះ ។ នេះបើផ្អែកតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានបាងកកប៉ុស្តិ៍ ។ "ប្រាយុទ្ធត្រូវចុះចេញពីតំណែង និងត្រូវ​ធ្វើ​កំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ"
បាតុកម្មនេះ គឺមានកម្មវត្ថុទាមទារ ឲ្យ​មានការវិលត្រលប់មកវិញ នូវលទ្ធិប្រជាធិបតេយ្យ ។ ពោល គឺលទ្ធិប្រជាធិបតេយ្យ ដែលមាននៅមុនពេល​ រដ្ឋប្រហារយោធា ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា ។ ក្រុមបាតុករ បានចាត់ទុកថា របបសឹកថៃបាន មកបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ហើយចុងក្រោយបង្អស់ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញថៃ នៅឆ្នាំ ២០១៧ ដែលបានបើកដៃ ផ្តល់អំណាចយ៉ាងទូលាយ ទៅឲ្យ​ក្រុមកងទ័ពថៃ ។

អ្វីដែលជាការទាមទារជាក់ស្តែង របស់ក្រុមបាតុករ គឺទាមទារឲ្យ​លោក ប្រាយុទ្ធ ចាន់​អូចា ចុះចេញពីតំណែង ដើម្បីរៀបចំការបោះឆ្នោតជាថ្មី ។ បាតុករ​ទាមទារ ឲ្យរំលាយ​រដ្ឋសភាបច្ចុប្បន្ននេះចោល និងត្រូវ​រៀបចំ ធ្វើ​កំណែទម្រង់រដ្ឋធម្មនុញ្ញឡើងវិញ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ បែងចែកអំណាច ឲ្យ​មាន​តុល្យភាព ។ បាតុករ ក៏ទាមទារផងដែរ ឲ្យ​បិទបញ្ចប់ រាល់ការធ្វើទុកបុកម្នេញ ការគំរាមការ​សំឡុត ទៅលើសកម្មជននយោបាយ​ប្រឆាំង ។

មួយទៀត អ្វីដែលជាការទាមទារ ប្រកបដោយភាពក្លាហាន របស់ក្រុមបាតករ គឺធ្វើកំណែទម្រង់​ស្ថាប័នព្រះមហាក្សត្រថៃ ដែលពួកគេចាត់ទុកថា កាន់តែផ្តាច់ការខ្លាំងឡើង និង​គ្មានភាពសុក្រិត្យ ។ ពួកគេ​ទាមទារ ឲ្យរៀបចំយន្តការថ្មី ដើម្បីកុំឲ្យ​ព្រះមហាក្សត្រ លូកដៃប្រើឥទ្ធិពល មកលើ​នយោបាយ​ជាតិ ត្រូវ​លប់​ចោល​ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងត្រូវ​រៀបចំយន្តការច្បាប់មួយទៀត គ្រប់គ្រងទ្រព្យសម្បត្តិរបស់​ព្រះបរមរាជវាំង ឲ្យ​មកស្ថិតក្នុងទ្រព្យសម្បត្តិជាតិ ។

បាតុកម្មយុវជន អាចនាំប្រជាជនថៃគ្រប់មជ្ឈដ្ឋា​ន ឲ្យចូលរួមដែរឬទេ ? តើចលនាបាតុកម្មនេះ អាចធ្វើឲ្យ​អំណាចនយោបាយ​ ដឹកនាំដោយក្រុមយោធាបច្ចុប្បន្ននេះ មានការខ្លាចរអារ ដែរឬទេ ។ លោកស្រី Christine Cabasset អ្នកស្រាវជ្រាវសិក្សាតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា បាតុកម្មនេះ មានឥទ្ធិពល ឬគ្មាន គឺវាអាស្រ័យថាតើ វាមានទំហំប៉ុណ្ណា ហើយថាតើបាតុកម្មនេះ នឹងបានទទួលការចូលរួមភ្លូកទឹកភ្លូកដី ពីសំណាក់ ប្រជាជនថៃទូទៅដែរ ឬទេ ។

ដូចយើងដឹងហើយ ថា​បាតុករដែលធ្វើចលនាបាតុកម្ម ប៉ុន្មានខែមកនេះ គឺភាគច្រើនជាយុវជន និស្សិតក្មេងៗ ហើយ​នៅតែក្រុងបាងកកទៀត ។ ដូច្នេះ សំណួរសួរថា តើប្រជាជនថៃ គ្រប់មជ្ឈដ្ឋានផ្សេងទៀត នៅតាមខេត្តក្រុងផ្សេងៗ គិតយ៉ាងណា ហើយនឹងចូលរួមដែរ ឬទេ? ។ នៅថ្ងៃសោរ៍ទី ១៩ កញ្ញា​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី បានចេញលិខិតប្រកាសតូចមួយ​ ដោយបានលើកឡើងថា « យុវជនថៃធ្វើបាតុកម្មច្រើនសប្តាហ៍​មកនេះ គឺដោយសារពួកគេ សម្លឹងឃើញអនាគត គ្មានពន្លឺ គ្មានសិទ្ធិសេរីភាព » ។

ជាការពិត ការទាមទាររបស់យុវជនថៃ ប៉ុន្មានចំណុច ជាពិសេសទាក់ទិននឹង​ស្ថាប័នព្រះមហាក្សត្រថៃនេះ គឺជាការទាមទារធំៗ សម្បើមណាស់ ដែលមិនដែលមាន​នរណាហ៊ានធ្វើទេពីមុនមក ។ ក៏ប៉ុន្តែ ការទាមទារនេះ ក៏ត្រូវបាន​ក្រុមសាស្ត្រាចារ្យសកលវិទ្យាថៃ ជាច្រើនរយអ្នក ធ្វើញត្តិចុះហត្ថលេខាគាំទ្រដែរ ។ អ្នកស្រី Panusaya Sithijirawattanakul តំណាងក្រុមបាតុករ បានលើកឡើង​ថា អ្វីដែលពួកគេទាមទារ គឺគ្មានកម្មវត្ថុ​ បំផ្លាញស្ថាប័នព្រះមហាក្សត្រ ជាទីគោរពសក្ការៈនោះទេ ។​ តែគឺដើម្បីធ្វើទំនើបកម្មស្ថាប័ននេះ ដើម្បីឆ្លើយតបទៅ នឹងការវិវឌ្ឍន៍នៃសង្គមថៃ ។ បើគិតចាប់ពីមានចលនាបាតុកម្មនេះ នៅខែមិថុនាមក គឺមានមនុស្ស​ជាង​ ២០ នាក់ហើយ ដែល​ត្រូវបានឃាត់ខ្លួន និងចោទពីបទធ្វើសកម្មភាពបះបោរ បង្កអសន្តិសុខសង្គម ។ សំណួរសួរថា តើសមត្ថកិច្ចរដ្ឋាភិបាលថៃ នឹងបន្ធូរដៃឲ្យ​បាតុកម្មនេះ បន្តរហូតដល់ពេលណា ? តាមការគ្រោងទុក នៅថ្ងៃអាទិត្យទី​ ២០ កញ្ញា បាតុករ នឹងធ្វើការជួបជុំគ្នាទៀត​ នៅខាងមុខវិមានរដ្ឋាភិបាលតែម្តង ដើម្បី​ដាក់​ញត្តិទៅរដ្ឋាភិបាល​ នូវចំណុចដែលគេទាមទារ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1418 នាក់
ម្សិលមិញ :
760 នាក់
សប្តាហ៍នេះ :
12092 នាក់
ខែនេះ :
51001 នាក់
3 ខែនេះ :
194687 នាក់
សរុប :
617706 នាក់