ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០
គេហទំព័រ B M C post ផ្សាយសាកល្បង ជីវិត និងសង្គម ! ។
ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៨ សរុបប្រវែង ១៧៤.១៦គីឡូម៉ែត្រ ភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ !
Mi,26 Februar 2020 (Time 08:40 )
ដោយ ៖ BMC post (ចំនួនអ្នកអាន: 151នាក់)


បន្ទាយមានជ័យ ក្រុងប៉ោយប៉ែត :

វេលាម៉ោង 8 : 10 នាទី ព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០

អបអរសាទរ ! ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៥៨ ប្រារព្វធ្វើឡើងក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីសម្ពោធនេះក៏មានវត្តមានសម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាងមួយម៉ឺននាក់បានអញ្ជើញចូលរួម។

ផ្លូវជាតិលេខ៥៨ មានប្រវែងសរុបចំនួន ១៧៤.១៦គីឡូម៉ែត្រ ភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមហិរញ្ញប្បទាន ធនាគារអាហរ័ណ-និហរ័ណ នៃរាជរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកប្រវត្តិខ្លះៗ នាសម័យសង្គ្រាមពីអតីតកាល តំបន់នេះមានកម្លាំងត្រួតត្រាដល់ទៅបួនផ្សេងគ្នា ។ ប៉ុន្តែដោយអំណាចបារមី នៃនយោបាយឈ្នះៗ និយាយដោយឡែកបន្ទាយមានជ័យ និងនិយាយជារួមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវជំនួសដោយការត្រួតត្រាកម្លាំងតែមួយ : កម្លាំងប្រដាប់អាវុធតែមួយ រាជរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ អង្គនិតិបញ្ញត្តិតែមួយ ។

បន្ទាប់ពីបានសន្តិភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលដៅពីរ នៃការអភិវឌ្ឍន៍ :
ទី 1 - ការប្រែក្លាយអតីតសមរភូមិទាំងអស់ ឲ្យក្លាយជាទីផ្សារ និងតំបន់ដែលមានការអភិវឌ្ឍន៍ ។
ទី 2 - ប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។

សម្ដេចបានបញ្ជាក់ថា : បើគ្មានសន្តិភាពទេ ! សូមកុំនិយាយដល់ សិទ្ធិមនុស្ស ដល់ប្រជាធិបតេយ្យ ! កុំនិយាយដល់ ការអភិវឌ្ឍន៍ !
ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមការពារសន្តិភាពអោយបាន ! ទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។

មុនបញ្ចប់ពិធី សម្ដេចបាន ប្រកាសកញ្ចប់ថវិកា និងអំណោយ ជូនភ្ញៀវដែលបានមកចូលរួមក្នុងពិធីនេះផងដែរ ។

សូមជម្រាបថា : តាមរយ:ឯកសារក្រសួងសាធារណ:ការ និងដឹកជញ្ជូន ប្រវែងផ្លូវសរុប ១៧៤.១៦គីឡូម៉ែត្រ ក្នុងនោះមានផ្លូវមេ ប្រវែងសរុប ១៦៥.១៨គីឡូម៉ែត្រ និងផ្លូវខ្នែង ប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ រួមទាំងស្ពាន ៤៧កន្លែង (ប្រវែងសរុប ១,៥៧៤ម៉ែត្រ) និងលូ ៣៣០កន្លែង ព្រមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។

ចំណុចចាប់ផ្ដើមចាប់ពីផ្លូវជាតិលេខ៥ PK ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចំណុចបញ្ចប់ ផ្លូវជាតិលេខ៦៨ PK ១០១+៥០០ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ការបែងចែកកំណាត់ផ្លូវ កំណាត់ផ្លូវ PK ០០-PK ៩២ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ប្រវែងផ្លូវ ៩២គីឡូម៉ែត្រ កំណាត់ផ្លូវ PK ៩២ - PK ១៦៥+១៨០ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ប្រវែងផ្លូវ ៧៣.១៨គីឡូម៉ែត្រ។

ផ្លូវជាតិលេខ៥៨នេះ ស្ថាបនាដោយម្ចាស់គម្រោងគឺ ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ គ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វានចូវវ៉ានអាន។

សូមបញ្ជាក់ថា : ផ្លូវជាតិលេខ៥៨នេះ បានចំណាយថវិកាសាងសង់សរុបចំនួន ១២២,៩៨លានដុល្លារអាមេរិក ដោយបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

☆លក្ខណៈបច្ចេកទេស
* ផ្លូវមេ : ប្រវែង ១៦៥.១៨គីឡូម៉ែត្រ ទទឹងតួផ្លូវ ១២ម៉ែត្រ ទទឹងទ្រូងផ្លូវ ១០ម៉ែត្រ
- ចំណាត់ថ្នាក់ផ្លូវ ថ្នាក់លេខ៣ តាមបទដ្ឋានបច្ចេកទេសនៃសាធារណរដ្ឋប្រជាមានិតចិន
- ល្បឿនសិក្សា ៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង
- រចនាសម្ព័ន្ធទ្រូងផ្លូវ កំរាស់ស្រទាប់គ្រឹះក្រោម ៣២សង់ទីម៉ែត្រ ស្រទាប់គ្រឹះលើ ១៨សង់ទីម៉ែត្រ ក្រាលកៅស៊ូពីរជាន់ (DBST)។

* ផ្លូវខ្នែង : ប្រវែង ៨.៩៨គីឡូម៉ែត្រ ទទឹងតួផ្លូវ ១២ម៉ែត្រ ទទឹងទ្រូងផ្លូវ ១០ម៉ែត្រ
- ចំណាត់ថ្នាក់ផ្លូវ ថ្នាក់លេខ៣ តាមបទដ្ឋានបច្ចេកទេសនៃសាធារណរដ្ឋប្រជាមានិតចិន
- ល្បឿនសិក្សា ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង
- រចនាសម្ព័ន្ធទ្រូងផ្លូវ កំរាស់ស្រទាប់គ្រឹះក្រោម ១៦សង់ទីម៉ែត្រ ស្រទាប់គ្រឹះលើ ១៨សង់ទីម៉ែត្រ ស្រទាប់បេតុង RC ២០សង់ទីម៉ែត្រ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1492 នាក់
ម្សិលមិញ :
523 នាក់
សប្តាហ៍នេះ :
8153 នាក់
ខែនេះ :
39843 នាក់
3 ខែនេះ :
101622 នាក់
សរុប :
228522 នាក់