មីយ៉ាន់ម៉ាក្លាយជាប្រទេសដាំអាភៀនធំជាងគេបំផុតក្នុងពិភពលោក

មីយ៉ាន់ម៉ា៖ ​យោង​តាម​របាយការណ៍​ថ្មី​របស់​អង្គការ​សហប្រជាជាតិដែលត្រូវបានដកស្រង់និងចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ធ្នូ ឆ្នាំ២០២៣នេះបានឲ្យដឹងថា ក្នុង​ឆ្នាំ​ ២០២៣នេះ មីយ៉ាន់ម៉ា​បាន​ក្លាយ​ជា​ប្រទេស​ដាំដុះអាភៀនធំជាងគេបំផុត​របស់​ពិភពលោក​ដោយ​វ៉ា​ដាច់​ប្រទេស​អាហ្វហ្គានីស្ថាន។

ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បាននិយាយនៅថ្ងៃអង្គារនេះថា ការដាំដុះអាភៀននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះ ៩៥ ភាគរយក្នុងឆ្នាំ ២០២៣នេះ បន្ទាប់ពីមានការហាមឃាត់គ្រឿងញៀនដោយពួកតាលីបង់ក្រោយឡើងកាន់អំណាចជាថ្មីក្នុងឆ្នាំ ២០២២ ហើយការផ្គត់ផ្គង់ដំណាំអាភៀនទៅកាន់ពិភពលោកបានផ្លាស់ប្តូរទៅប្រទេសមីយ៉ាន់ម៉ាវិញ ដែលជាប្រទេសកំពុងជួបអស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច កើតឡើងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១ ដែលបានជំរុញមនុស្សជាច្រើនឲ្យនាំគ្នាដាំអាភៀនដើម្បីចិញ្ចឹមជីវិត។

របាយការណ៍របស់អង្គការសហប្រជាជាតិខាងលើបានឲ្យដឹងទៀតថា ពេលនេះ កសិករមីយ៉ាន់ម៉ាអាចរកប្រាក់ចំណូលបានប្រហែល ៧៥ ភាគរយបន្ថែមទៀតពីការធ្វើកសិកម្មអាភៀន ខណៈដែលតម្លៃជាមធ្យមនៃដំណាំនេះបានកើនឡើងដល់ប្រហែល ៣៥៥ដុល្លារក្នុងមួយគីឡូក្រាម។

សូមជម្រាបថា ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប្រទេសមីយ៉ាន់ម៉ាបានរកឃើញថាចំនួនដីដែលត្រូវបានប៉ាន់ស្មានថាត្រូវបានប្រើប្រាស់សម្រាប់ដាំដុះដំណាំខុសច្បាប់ខាងលើ បានកើនឡើង ១៨ភាគរយពី ៤០.១០០ ទៅ ៤៧.០០០ហិចតា។

របាយការណ៍ដដែលបានបន្តថា ទោះបីជាតំបន់ដែលកំពុងដាំដុះមិនទាន់បានត្រលប់ទៅដល់កម្រិតកំពូលក្នុងប្រវត្តិសាស្ត្រដែលមានទំហំជិត ៥៨.០០០ហិចតា កាលពីឆ្នាំ២០១៣យ៉ាងណាក្តី ការដាំដុះអាភៀននៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននឹងកំពុងពង្រីកខ្លួន និងទទួលបានទិន្នផលកាន់តែច្រើន។

របាយការណ៍នេះបន្ថែមថា តំបន់ដាំដុះអាភៀនភាគច្រើនត្រូវបានពង្រីកក្នុងតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងរដ្ឋ ហ្សន (Shan) ភាគខាងជើងប្រទេស ហើយបន្តទៅរដ្ឋ ឈីន (Chin) និងរដ្ឋ កាឈីន (Kachin) ខណៈដែលទិន្នផលបានកើនឡើង ១៦ភាគរយដល់ ២២.៩គីឡូក្រាមក្នុងមួយហិចតា ដោយសារតែការអនុវត្តវិធីសាស្រ្តកសិកម្មកាន់តែទំនើប។

គួរបញ្ជាក់ថា ភាព​ចលាចល​នយោបាយ​ដ៏​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ការ​ដាំដុះ​អាភៀនក្នុងប្រទេសនេះ។

តំណាងប្រចាំតំបន់របស់ការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) លោក ជេរ៉ាម៉ាយ ដូហ្គ្លាស Jeremy Douglas) បាននិយាយថា “ការរំខានផ្នែកសេដ្ឋកិច្ច សន្តិសុខ និងអភិបាលកិច្ចបន្ទាប់ពីការកាន់កាប់ដោយរបបយោធានៅខែកុម្ភៈ ឆ្នាំ២០២១ បន្តជំរុញកសិករនៅតំបន់ដាច់ស្រយាលឲ្យងាយទៅរកការដាំដុះអាភៀនដើម្បីចិញ្ចឹមជីវិត”

លោកបន្តថា “ជម្លោះប្រដាប់អាវុធនៅក្នុងរដ្ឋ ហ្សន (Shan) ដែលជាតំបន់ដាំដុះបែបប្រពៃណី និងតំបន់ព្រំដែនផ្សេងទៀត ត្រូវបានគេរំពឹងថានឹងបង្កើនល្បឿននៃនិន្នាការនេះ

របាយការណ៍ខាងលើនេះបានកត់សម្គាល់ថា “ការដាំដុះអាភៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងភាពក្រីក្រ កង្វះសេវារបស់រដ្ឋាភិបាល បរិស្ថានម៉ាក្រូសេដ្ឋកិច្ចដែលប្រឈមនឹងអស្ថិរភាព និងអសន្តិសុខ”

គួរបញ្ជាក់ថា ភាគឦសាននៃប្រទេសមីយ៉ាន់ម៉ា គឺជាផ្នែកនៃ “តំបន់ត្រីកោណមាស” ដែលជាជង្រុកគ្រឿងញៀនដ៏ល្បីល្បាញក្នុងតំបន់អាស៊ី មានភូមិសាស្រ្តជាព្រំប្រទល់ប្រសព្វគ្នារវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ។ ភាគច្រើន ការដាំដុះអាភៀន និងផលិតហេរ៉ូអ៊ីនមានការរីកចម្រើនជាប្រវត្តិសាស្ត្រនៅតំបន់នោះ ដោយសារតែគ្មានច្បាប់ក្នុងការគ្រប់គ្រង។

គួរឲ្យដឹងថា ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ នៅពេលដែលផលិតកម្មអាភៀនក្នុងតំបន់ធ្លាក់ចុះ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនក្នុងទម្រង់ជាថ្នាំគ្រាប់ និងគ្រីស្តាល់មេតានបានចូលខ្លួនមកជំនួសវាក្នុងទីផ្សារគ្រឿងញៀន។

UNODC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអមដោយរបាយការណ៍របស់ខ្លួនថា ការផលិតគ្រឿងញៀនបាននឹងកំពុងរួមចំណែកចិញ្ចឹមសេដ្ឋកិច្ចដែលខុសច្បាប់ ដែលនាំឲ្យមានការបន្តផលិតថ្នាំសំយោគកម្រិតខ្ពស់ ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងកាស៊ីណូ និងប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

សូមបញ្ជាក់ថាផងដែរថា អាហ្វហ្គានីស្ថាន ដែលជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានជួបការដួលរលំនៃការដាំដុះដំណាំនេះបន្ទាប់ពីក្រុមតាលីបង់បានវិលត្រលប់ឡើងកាន់អំណាចកាលពីឆ្នាំ២០២១ ហើយបានសន្យាថានឹងបញ្ចប់ការផលិតគ្រឿងញៀនខុសច្បាប់ក្នុងប្រទេសនេះ។

ដំណាំអាភៀនបានចូលរួមចំណែកជិតមួយភាគបីនៃផលិតកម្មកសិកម្មសរុបរបស់ប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែផ្ទៃដីដែលប្រើសម្រាប់ដំណាំអាភៀនបានធ្លាក់ចុះពី ២៣៣.០០០ហិចតាកាលពីចុងឆ្នាំ២០២២ មកនៅត្រឹម ១០.៨០០ហិចតាក្នុងឆ្នាំ២០២៣៕ 

Theme images by Radius Images. Powered by Blogger.