ពលរដ្ឋរាប់រយនាក់ ក្នុងស្រុកកំពង់ត្រាច នាំគ្នាបិទផ្លូវជាតិលេខ៣៣ ព្រោះតែពិបាកទ្រាំនឹងដីហុយខ្លាំង
កំពត៖ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅក្នុងភូមិចំនួន៣ នៃឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានប្រើពេលប្រហែលកន្លះម៉ោង កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយបាននាំគ្នាយករនាំងដែកបិទកំណាត់ផ្លូវជាតិលេខ៣៣ ព្រោះតែពិបាកទ្រាំ ដោយសារដីហុយខ្លាំង។ ករណីនេះ ថ្នាក់ដឹកនាំខេត្តកំពត និងស្រុកកំពង់ត្រាច បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរ ដោយនាំពលរដ្ឋចូលបរិវេណសាលាឃុំ រួចហៅតំណាងក្រុមហ៊ុនស្ថាបនាផ្លូវមកជួបរកដំណោះស្រាយ។
ក្រុមប្រជាពលរដ្ឋ បានរៀបរាប់ថា រយ:ពេល៥ ទៅ ៦ខែមកហើយ ដែលអ្នករស់នៅអមសងខាងផ្លូវជាតិលេខ៣៣ ក្នុងភូមិដើមចារ ភូមិភ្នំសាឡី និងភូមិកំពង់ទួល ឃុំកំពង់ត្រាចខាងលិច ពិបាកទ្រាំក្នុងការរស់នៅ ដោយសារដីហុយខ្លាំងពេក។ កាលពីក្រុមហ៊ុនចាប់ផ្តើមធ្វើផ្លូវដំបូងឃើញមានការស្រោចទឹក១ដង ឬ២ដងក្នុង១ថ្ងៃ ប៉ុន្តែប្រហែលជា៥ ទៅ៦ខែមកកន្លងមកនេះ មិនមានការស្រោចទឹកសោះ ទើបបណ្តាលឱ្យដីហុយមើលអ្វីមិនឃើញ ពេលម៉ូតូ ឬឡានបើកឆ្លងកាត់ម្តងៗ។ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មិនមានបំណងបង្កការរាំងស្ទះដល់សកម្មភាពស្ថាបនាផ្លូវ ឬធ្វើឱ្យខកពេលវេលាសម្រាប់អ្នកដំណើរនោះទេ តែចង់ឱ្យក្រុមហ៊ុនស្រោចទឹកដូចពេលមុន។
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា សកម្មភាពរបស់ប្រជាពលរដ្ឋនាំគ្នាប្រមូលផ្តុំគ្នាប្រហែលកន្លះម៉ោង កាលពីព្រឹកមិញមិនមែនជាការតវ៉ានោះទេ តែពួកគាត់ស្នើ ឱ្យក្រុមហ៊ុនធ្វើផ្លូវគោរពតាមគោលការណ៍។ ជាធម្មតា ក្នុង១ថ្ងៃ ក្រុមហ៊ុនស្ថាបនាផ្លូវត្រូវស្រោចទឹក៦ដង។ ព្រោះតែមានករណីបែបនោះកើតឡើង អភិបាលរងខេត្តមួយរូបបានចុះមកភ្លាមៗ ហើយរូបលោកក៏បានចូលរួមសម្របសម្រួលដោយហៅតំណាងក្រុមហ៊ុនជួបផ្ទាល់។ ពេលនេះខាងក្រុមហ៊ុនបានយល់ព្រម និងធ្វើកិច្ចសន្យាអនុវត្តតាមគោលការណ៍រួចរាល់ហើយ៕
Post a Comment