នគរបាលអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួនជនជាតិបង់ក្លាដេស ២នាក់ ជាមេខ្លោងនាំបរទេសឆ្លងដែនខុសច្បាប់
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅបន្ទប់មួយ ជាន់ទី២៦ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាទីតាំងរបស់ប្តីប្រពន្ធជនជាតិបង់ក្លាដេស ដែលសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការឯកភាពពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីថា្នក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ។
កម្លាំងនគរបាលអន្តោប្រវេសន៍កម្ពុជា បានបានចុះត្រួតពិនិត្យរដ្ឋបាលនៅបន្ទប់ខាងលើនេះ ក្រោយពីទទួលបានបណ្ដឹងអន្តរគមន៍ឲ្យជួយសង្គ្រោះពីជនជាតិបង់ក្លាដេស តាមរយៈប្រព័ន្ធ Hotline កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការនេះដែរ នាយកដ្ឋានទាំងពីរ បានឃាត់ខ្លួនជនបរទេសចំនួន ៥៨នាក់ ចំនួន២ទីតាំង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយក្នុងនោះជនបរទេស ៥៦នាក់ ជាជនរងគ្រោះ និងជនបរទេសបង់កា្លដេស ២នាក់ សង្ស័យជាមេខ្លោង ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ។
ជនបរទេសដែលជាជនរងគ្រោះ ៥៦នាក់នោះ មាន៣សញ្ជាតិ (បង់ក្លាដេស ៥១នាក់, ឥណ្ឌា ៤នាក់ និងស្រីលង្កា ១នាក់) ដោយត្រូវបានមេខ្សល់អូសទាញមកកម្ពុជា ដើម្បីស្វែងរកការងារធ្វើ ដោយឡែកសម្រាប់អ្នកមិនចេះអង់គ្លេស និងកុំព្យូទ័រ ត្រូវបញ្ជូនបន្តទៅប្រទេសថៃ និងម៉ាឡេស៊ី ។
Post a Comment