ពិតជាផ្គើនមែន ! លោក លឹម រី នាយកសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ឃុបឃិតគ្នាជាប្រព័ន្ធ យកទីធ្លាសាលារៀនទៅជួលឲ្យដាក់រោងការរោងបុណ្យជារឿយៗយកលុយដាក់ហោប៉ៅ...សិស្សត្រូវបានឈប់រៀនទាំងអស់ថ្ងៃគេជួលមួយថ្ងៃឬពីរថ្ងៃ...

ក្រុងប៉ោយប៉ែត : ប្រជាពលរដ្ឋក៏ដូចជាមាតាបិតា ឬអាណាព្យាបាលសិស្សឃើញ និងឮសឹងតែហូរហែ មិនថាថ្ងៃធ្វើការ ដែលលោក លឹម រី នាយកសាលារូបនេះឃុបឃិតគ្នាជាប្រព័ន្ធយកទីធ្លាសាលារៀនទៅធ្វើអាជីវកម្មជួលឱ្យដាក់រោងការ រោងបុណ្យ ឬកម្មវិធីផ្សេងៗឮសំឡេងកងរំពងចេញមកខាងក្រៅដោយបង្កការរំខានដល់ការរៀនសូត្ររបស់សិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបាលិលេយ្យ២នៅជាប់គ្នានោះដែរ និងផ្អាកឲ្យសិស្សឈប់រៀនក្នុងសាលារបស់ខ្លួនគ្រប់គ្រង ព្រោះគេជួល១ថ្ងៃ ឬ២ថ្ងៃយកលុយដាក់ហោប៉ៅមិនខ្វល់អ្វីទាំងអស់...។ 

   ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទ ទី 19 ខែកុម្ភៈ ឆ្នាំ2024 នេះ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិតឮតែសំលេងភ្លេងការកងរំពងចេញពីសាលារៀននៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


ប្រភពប្រជាពលរដ្ឋ និងមាតាបិតា ឬអាណាព្យាបាលបន្តថា ÷ សិស្សមិនបានរៀនជាហូរហែ...នេះមិនទាន់បានគិតថ្ងៃឈប់គ្រូឈឺ គ្រូសុំច្បាប់មានធុរ:ផ្សេងៗ ចូលឆ្នាំចិន...ផងនោះ...បើទោះជាថ្ងៃសៅរ៍ អាទិត្យក៏ដោយកន្លងមកក៏លោកគ្រូ អ្នកគ្រូ អាចឆ្លៀតយកឱកាសប្រជុំបច្ចេកទេស ឬផលិតសម្ភារឧបទ្ទេសបម្រើដល់ការបង្រៀន និងរៀនរបស់សិស្ស ដើម្បីកាត់បន្ថយនៃអត្រាត្រួតថ្នាក់ក៏អាចថាបាន មិនត្រូវយកទីធ្លាសាលារៀនរបស់រដ្ឋមកជួលយកលុយដាក់ហោប៉ៅធ្វើឫកវាហីនោះឡើយ ។ បើនៅតែរបៀបនេះ តើសិស្សបានរៀនចប់កម្មវិធីសិក្សាប្រចាំឆ្នាំរបស់ក្រសួង ដូចសាលាដទៃដែរឬយ៉ាងនោះទេ ?


ពិតជាផ្គើនណាស់ និងស្របពេលប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីសម្រេចរឹតបន្តឹងថ្ងៃមិនមកធ្វើការ ថ្ងៃសុំច្បាប់សម្រាក...របស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកសិក្សា និងមិនឲ្យយកម៉ោងរដ្ឋទៅបង្រៀនកួយកលុយពីសិស្សផងនោះ ។


ប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា ឬអាណាព្យាបាលសិស្ស ស្នើសុំដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា 

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណអភិបាល ខេត្តបន្ទាយមានជ័យ ក៏ដូចជាលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបន្ទាយមានជ័យ មេត្តាកុំឲ្យលោក លឹម រី នាយកសាលារូបនេះ បន្តយកទីធ្លាសាលារៀនរដ្ឋខាងលើទៅធ្វើអាជីវកម្មជួលយកលុយតាមអំពើចិត្ត មិនខ្វល់វាហីបែបនេះទៀតទេ ... ឬសូមដាក់អធិការកិច្ច និងចាត់វិធានការបទបញ្ជាផ្ទៃក្នុងឲ្យខាងតែបាន ៕  

  អត្ថបទ និងវីដេអូឃ្លីប ដោយ : លោក កែវ សំបឿន សហការីព័ត៌មាន BMC

 




 

Theme images by Radius Images. Powered by Blogger.