ពិតជាអាណិតអាសូរណាស់ បុរសម្នាក់ ដោយជីវភាពរកព្រឹកខ្វះល្ងាចបានដើរចូលព្រៃ ដើម្បីបេះបន្លែស្លឹកព្រិច និងបន្លែផ្សេងៗទៀតយកមកធ្វើម្ហូប និងលក់ខ្លះផង តែអកុសលត្រូវបានជាន់មីនផ្ទុះដាច់...

បន្ទាយមានជ័យ ៖  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រៃចម្ការមីន មុខទំនប់ក៥ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

   យោងតាមការអះអាងរបស់អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វណ្ណ កំសត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  មុនពេលកើតហេតុជនរងគ្រោះបានចេញពីផ្ទះសំដៅទៅកន្លែងកើតហេតុដើម្បីបេះបន្លែស្លឹកព្រិច និងបន្លែផ្សេងៗទៀតយកមកលក់ ព្រោះក្រុមគ្រួសារនេះរកព្រឹកខ្វះល្ងាច បានត្រឹមតែមួយហូបតែប៉ុណ្ណោះ ។  ពេលកំពុងរកបេះស្លឹកព្រិចនោះ បានដើរជាន់មីនបណ្តាលឲ្យផ្ទុះដាច់ជើងទាំង២ រងរបួសយ៉ាងធ្ងន់ធ្ងរ ។

  តាមការបញ្ចាក់ពីកងកម្លាំងទាំងបីដែលឈរជើងនៅតាមបន្ទាត់ព្រំដែន បានឱ្យដឹងថា ក្រោយពេលកើតហេតុហើយត្រូវបានកម្លាំងឈរជើងនៅព្រំដែនសិលាខ្មែរបានមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពសិលាខ្មែរ ដោយរបួសធ្ងន់ពេក ក៏បញ្ជូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរីភ្លាមៗតែម្តង  ៕








Theme images by Radius Images. Powered by Blogger.