អាជ្ញាធរក្រុងប៉ោយប៉ែតបានចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ហាងខារ៉ាអូខេ និងក្លឹបកំសាន្តមិនឲ្យប្រើប្រាស់គ្រឿងញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់..!

ខេត្តបន្ទាយមានជ័យ ៖  អាជ្ញាធរក្រុងប៉ោយប៉ែតបានចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ហាងខារ៉ាអូរខេ និងក្លឹបកំសាន្តមិនឲ្យប្រើប្រាស់គ្រឿងញៀន និងបង្កប់ល្បែងស៊ីសងខុសច្បាប់ ការចុះទៅដល់ទីតាំងណែនាំនេះ ធ្វើឡើងនៅថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤      ក្នុងក្រុងប៉ោយប៉ែត ។

 
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ ជាការណែនាំពីឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ  និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន និងល្បែងស៊ីសងល្មើសច្បាប់ ក្នុងក្លឹបកំសាន្ត និងហាងខារ៉ាអូរខេ ។

លោកបានបញ្ជាក់ថា ៖ បើរកឃើញមានក្លឹបកំសាន្តនិងហាងខារ៉ាអូខេណាមួយមានជួញដូរ ចែកចាយគ្រឿងញៀន និងលួចបើកល្បែងស៊ីសងខុសច្បាប់ និងត្រូវមានវិធានការតាមច្បាប់ ហើយនឹងត្រូវបិទក្លឹបកំសាន្ត  និងហាងខារ៉ាអូខេមិនបន្តអោយបើកទៀតឡើយ  និងសូមឲ្យម្ចាស់ក្លឹបកំសាន្ត និងហាងខារ៉ាអូខេត្រូវអនុវត្តតាមច្បាប់នេះ ។

គួររំលឹកថា ៖ ក្រោយពេលដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្ត និងហាងខារ៉ាអូខេចំនួន២កន្លែងរកឃើញវត្ថុតាងគ្រឿងញៀន និងឃាត់ខ្លួនមនុស្សប្រុស.ស្រីចំនួន១៧០នាក់កំពុងដំណើរការធ្វើតេស្តរកសារធាតុញៀន ។

ប្រជាពលរដ្ឋបានសារទចំពោះអាជ្ញាធរក្រុងប៉ោយប៉ែតដែលបានចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ក្លឹបកំសាន្តនិងហាងខារ៉ាអូខេ ក្រោយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តនិងហាងខារ៉ាអូខេនៅក្រុងប៉ោយប៉ែត បានឃាត់មនុស្សប្រុស.ស្រីជិត១៧០នាក់ សង្ឃឹមថាអាជ្ញាធរ និងកម្លាំងសមត្តកិច្ចខេត្តបន្ទាយមានជ័យមានវិធានការចុះប្រតិបត្តិការបង្ក្រាបទាំងអស់នៅក្លឹបកំសាន្ត និងហាងខារ៉ាអូខេទូទាំងខេត្តបន្ទាយមានជ័យ ដើម្បីការពារសន្តិសុខសណ្តាប់សង្គម គ្មានបង្កប់ល្បែងស៊ីសង និងគ្រឿងញៀន ជាពិសេសផ្តល់នូវភូមិ ឃុំ មានសុវត្ថិភាពជូនប្រជាពលរដ្ឋ  ៕










Theme images by Radius Images. Powered by Blogger.