ពិធីប្រកាសតែងតាំង លោកវរសេនីយទោ ព្រហ្ម ពិសិដ្ឋ ចូលកាន់តំណែងជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អតីតជាអធិការរង បច្ចប្បន្នត្រូវបានថ្នាក់ដឹកនាំតែងតាំងជា អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជំនួសអតីតអធិការចាស់ ដែលបានទទួលមរណះភាព ។ ដោយឡែកលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ្ត ត្រូវបានតែងតាំងជា អធិការរង ទទួលការងារនគរបាលយុត្តិធម៌។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុក លោកមេបញ្ជាវរ នាយ នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលជាច្រើនរូប។ ក្រៅពីនេះក៏មានការអញ្ជើញចូលរួមពី ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ផងដែរ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើនិងជម្រុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី បង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលក្រុងប៉ោយប៉ែត និងបណ្តាអធិការនគរបាលគ្រប់ក្រុងស្រុកទាំងអស់ ត្រូវពង្រឹង ការផ្តល់សេវាសាធារណ: ការទទួលបណ្តឹង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌ ៕
Post a Comment