សូមប្រុងប្រយ័ត្នផង ស្ថានភាពធាតុអាកាសបីថ្ងៃជាប់ៗគ្នា គឺថ្ងៃទី១៩.២០.២១ ខែតុលា ឆ្នាំ២០២៤នេះ មានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់មកលើព្រះរាជាណាចក្រកម្ពុជា...
យោងតាមក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា : ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្ដើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធ ទាបនៅបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ធ្វើឱ្យខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
ចំពោះតំបន់ខ្ពង់រាបគឺមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសឦសាននិងបូព៌ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគីរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។
ចំណែកតំបន់មាត់សមុទ្រវិញនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍មានល្បឿន មធ្យម ២,៥ ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើ ផ្ទៃដី២០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២០ម៉ែត្រ៕
Post a Comment