ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួន ពីបទ «លួចទ្រព្យសម្បត្តិអ្នកដទៃ» ករណីទទួលប្រាក់​ (ផ្ទេរច្រឡំ​)​ តាមកុងធនាគារ ហើយ គេចវ៉េសមិនប្រគល់ជូនម្ចាស់ដេីមវិញ

 

ភ្នំពេញ :  មន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ បានធ្វើការស្រាវជ្រាវ​ ករណីទទួលប្រាក់ផ្ទេរចូលច្រឡំតាមប្រព័ន្ធ​ធនាគារ​និងគេចវ៉េសមិនព្រមសងទៅម្ចាស់ដើម(ជនរងគ្រោះ)​ វិញ។ 

តាមរយៈមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល បានក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលទាំងអស់ថា ការទទួលបានប្រាក់តាមរយៈប្រព័ន្ធធនាគារ ដែលពុំមានប្រភពច្បាស់លាស់(ការផ្ទេរ ឬទូទាត់ច្រលំ) ហើយមានចេតនាទុច្ចរិត គេចវ៉េសមិនផ្ទេរត្រឡប់ជូនគណនីម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ​​។ 


បន្ថែមលើនេះមន្ត្រីជំនាញនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល សូមក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋឱ្យបានជ្រាបថា ប្រសិនបើទទួលបានប្រាក់ពុំមានប្រភពច្បាស់លាស់សូម​អនុវត្ត​តាម​ការណែនាំដូចខាងក្រោម​ ៖


១.​ធ្វើសេចក្តីរាយការណ៍ជូននគរបាលមានសមត្ថកិច្ចអំពីប្រតិបត្តិការ និងចំនួនទឹកប្រាក់ដែលទទួលបានពីការផ្ទេរច្រឡំ


២. ធ្វើការបញ្ជាក់ និងទូទាត់ទៅគណនីម្ចាស់ដើម ដែលបានផ្ទេរចូល ជៀសវាងផ្ទេរទៅគណនីទី៣ ដែលធ្វើឱ្យអ្នកអាចចូលរួមក្នុងប្រតិបត្តិការផ្ទេរប្រាក់ខុសច្បាប់របស់ជនខិលខូច។ 

ជាចុងក្រោយសូមប្រជាពលរដ្ឋមេត្តាចូលរួមសហការទាំងអស់គ្នា ដើម្បីកាត់បន្ថយបទល្មើសបច្ចេកវិទ្យាអោយមានប្រសិទ្ធភាព។


ប្រភព៖ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ

Theme images by Radius Images. Powered by Blogger.