កងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តស្តាស៊ីធី (STAR CITY PUB&KTV) នៅក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនខ្មែរនិងបរទេសប្រមាណជាង១០០នាក់
ក្រុងប៉ោយប៉ែត : នៅយប់រំលងអាធ្រាត្រថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះបង្ក្រាបក្លឹបកំសាន្តស្តាស៊ីធី (STAR CITY PUB&KTV) មួយកន្លែង នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនខ្មែរនិងជនបរទេសប្រមាណជាង១០០នាក់មានប្រុស និងស្រី។
ការចុះប្រតិបត្តិការនេះលោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាល និងលោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជាច្រើននាក់។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តយីហោស្តាស៊ីធី (STAR CITY PUB&KTV) បានឃាត់ខ្លួនភ្ញៀវដែលទៅលេងកំសាន្តនិងអ្នកបម្រើការងារក្នុងក្លឹបកាលពីយប់រំលងអាធ្រាត្រហើយកម្លាំងបានការពាររហូតដល់ព្រឹកទើបដឹកជញ្ជូនចេញដាក់នៅទីបញ្ជាការវរៈស៊សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១
និងរងចាំបទបញ្ជាថ្នាក់លើដើម្បីធ្វើតេស្តរកសារធាតុញៀនបើសិនជាមានប្រើប្រាស់គ្រឿងញៀន និងអនុវត្តតាមផ្លូវច្បាប់អ្នកមិនប្រើប្រាស់គ្រឿងញៀនត្រូវដោះលេងអោយត្រឡប់ទៅវិញ ហើយបច្ចុប្បន្នកំពុងតែបន្តសួរនាំតាមនិតិវិធី៕
Post a Comment