ទាហានប៉ុស្តិ៍កងការពារព្រំដែនគោកលេខ៥០៣ ហៅ(ប៉ុស្តិ៍ទំនប់ដាច់) ឃុបឃិតគ្នាបើកច្រករបៀងនាំពលករឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធជាហូរហែចេញ-ចូលប្រទេសថៃ-កម្ពុជា ទាំងថ្ងៃទាំងយប់ ដោយមិនគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ...
បន្ទាយមានជ័យ ៖ បើយោងតាមសេចក្តីរាយការណ៍ កាលពីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ មកថា ច្រករបៀង (ប៉ុស្តិ៍ទំនប់ដាច់) គ្រប់គ្រងដោយកងកម្លាំងទាហានកងការពារព្រំដែនគោកលេខ៥០៣ កំពុងតែឃុបឃិតគ្នាជាមួយក្រុមមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធ យ៉ាងភ្លូកទឹកភ្លូកដីទាំងថ្ងៃទាំងយប់ តាមច្រករបៀងរបស់ខ្លួន ក្រោយបិទបានមួយរយ:ពេល...។
ហើយថ្មីៗនេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញបទបញ្ជាឲ្យបិទរាល់ច្រករបៀងទាំងអស់ផងដែរ។
ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះបន្តអោយដឹងថា៖ ច្រករបៀង(ប៉ុស្តិ៍ទំនប់ដាច់) គឺគ្រប់គ្រង់ដោយ លោក វរសេនិ៍យត្រី កែវ សារី ហើយប៉ុស្តិ៍មួយនេះ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាក់ស្តែងយប់ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៤នេះ សារព័ត៌មានយើងបានទៅដល់ទីតាំងច្រករបៀងហៅប៉ុស្ដិ៍ទំនប់ដាច់គ្រប់គ្រង់ដោយលោកវរសេនីយ៍ត្រី កែវ សារី ទាហាន៥០៣ ឋិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានសង្កេតឃើញថា មានម៉ូតូកង់បី និងរថយន្ថ ដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ ដោយមិនបានអនុវត្តបទបញ្ជា ឬអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឡើយ។
បើយោងតាមរូបភាពសកម្មភាព មានទាំងម៉ូតូ រ៉ឺម៉កកង់បី និងរថយន្ត ដឹកជញ្ជូនពលករឆ្លងដែនខុសច្បាប់ចេញ-ចូលទៅប្រទេសថៃ និងទំនិញគេចពន្ធទាំងថ្ងៃទាំងយប់ តាមច្រករបៀង ប៉ុស្តិ៍ទំនប់ដាច់ បានយ៉ាងរំភើយ ដោយមិនឃើញមានសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការនៅទីនោះ កាក់ឃាត់សួរនាំមកពីណាទៅណានោះទេ?
តើលោកវរសេនីយ៍ទោ រឿង សារិទ្ធិ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៥០៣ លោកបានជ្រាបរឿងខាងលើនេះហើយឬនៅ ឬមួយលោកបានដឹងហើយ ធ្វើមិនដឹងមិនឮ ឬយ៉ាងណា ឬក៏បណ្ដែតបណ្ដោយឲ្យធ្វើបែបនេះរហូតមក ?
ដូចបានរៀបរាប់ខាងលើសូមឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មេត្តាជួយចាត់វិធានការទីតាំងខាងលើផងទាន ។
ពាក់ព័ន្ធនឹងករណីនេះដែរ អង្គភាពសារព័ត៌មាន គេហទំព័រ BMC post យើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកមេបញ្ជាការបាននៅឡើយទេ យើងខ្ញុំរង់ចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕
ចាងហ្វាងការផ្សាយ : លោក ចាន់ សុផាន់ណារ៉ា លេខ 078 944 800/ 068 999 769/ 096 847 3999. ៕
Post a Comment