កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ...
បន្ទាយមានជ័យ : កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នៅចំណុចភ្លើងស្តុបអេស៊ីលីដា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរងផែនសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ដោយមានណែនាំពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ចរាចរណ៍ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ រួមទាំងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ចុះធ្វើការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ។
លោកវរសេនីយ៍ទោ បោន ភក្ត្រា បញ្ជាក់ថា៖ ការចុះអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរ របស់ក្រុមការងារជំនាញ គឺណែនាំឲ្យអ្នកធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ព្រមទាំង បានបិទស្លាកចំណាំងផ្លាតផ្សេងៗនៅលើយានយន្ត គ្រប់ប្រភេទ និងចែកមួកសុវត្ថភាពដល់ប្រជាពលរដ្ឋធ្វើដំណើរប្រមាណ១០០មួក។
លោកវរសេនីយ៍ទោ បោន ភក្ត្រា បញ្ជាក់ថាបន្ថែមថា៖ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕
Post a Comment