នគរបាលខេត្តបន្ទាយមានជ័យ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ...

បន្ទាយមានជ័យ : យោងតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា  អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុងស្រុកទាំង៩ បានចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ។


ក្រៅពីនេះកម្លាំងនគរបាលយើងតែងតែយកចិត្តទុកដាក់ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ផ្លូវគោក ផលប៉ះពាល់ដោយគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (គ្រាប់សល់ពីសម័យសង្គ្រាម) និងជំរុញដល់ប្រជាពលរដ្ឋទើបគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់ៗគ្នា។


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កម្លាំងនគរបាលគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងការយាមល្បាត ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕















Theme images by Radius Images. Powered by Blogger.