ឃាត់ខ្លួនជនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជនជាតិឥណ្ឌូនេស៊ីម្នាក់ លោតសម្លាប់ខ្លួន នៅកាស៊ីណូក្រោនរីសត ក្រុងប៉ោយប៉ែត...

 

បន្ទាយមានជ័យ : បន្ទាប់ពីមានករណីមនុស្សលោតសម្រាប់ខ្លួនពីលើអគារ កាស៊ីណូក្រោនរីសត ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត  សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងនគរបាលនាយកដ្ឋានចារកម្ម ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក លុយ ទីហូរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ។

ជាលទ្ធផលបានបង្ហាញថា មុនកើតហេតុមានជនរងគ្រោះម្នាក់មានឈ្មោះ PID NHARTONO ភេទប្រុស អាយុ37ឆ្នាំ ជនជាតិឥណ្ទូនេស៊ីជាបុគ្គលិកកាស៊ីណូក្រោនរីសត បានមានជម្លោះទាស់ទែងគ្នាជាមួយមិត្តរួមការងារក្នុងកាស៊ីណូ ទើបបង្កឲ្យមានហិង្សាកើតឡើង ហើយជនរងគ្រោះ បានរត់គេចខ្លួនតាមបង្អួចជាន់ទី៣នៃអគារកាស៊ីណូទើបបណ្តាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិតតែម្តង។

ភ្លាមៗនោះដែរកម្លាំងនគរបាលយើងបាន ឃាត់ខ្លួនជនសង្ស័យជនជនជាតិឥណ្ធូនេស៊ីចំនួន៥នាក់យកមកសួរនាំ 

រួមមាន ៖

១-ឈ្មោះ TOMMY FEBRY MAHULETTE ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី (ជនដៃ ដល់)

២-ឈ្មោះ៖ HUDLANTO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី

៣-ឈ្មោះ៖ GERY CAHYADI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី

៤-ឈ្មោះ NICO ANDREAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី

៥-ឈ្មោះ WIRIANI ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង ៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាមានជម្លោះ និងបានប្រើអំពើហិង្សា ជាមួយជនរងគ្រោះខាងលើពិតប្រាកដមែន។ 

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ បានកំពុងសួរនាំបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕








Theme images by Radius Images. Powered by Blogger.