លោក ទឺ ពិទូ អ្នកយកព័ត៌មាន របស់អង្គភាពគេហទំព័រ មាតុភូមិ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួនក្រោយពេលនាំយក គ្រាប់មីនតោន១គ្រាប់មកប្រគល់ជូនសមត្ថកិច្ច
ខេត្តឧត្តរមានជ័យ: លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់អង្គភាពគេហទំព័រ មាតុភូមិ www.meatophoum.com ប្រចាំខេត្តឧត្តរមានជ័យ ត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលលោក ទឺ ពិទូ និងមិត្តភក្តិរបស់គាត់១នាក់ ទៀតបានដឹកគ្រាប់មីនតោន១ គ្រាប់ ដែលប្រទះឃើញនៅលើដីក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ យកមកប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ ប៉ុន្តែបែរជាត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនទុកអោយនៅក្នុងទីស្នាក់ការប៉ុស្តិ៍១យប់ ហើយឥលូវនេះព្រឹកថ្ងៃទី០៧ ខែកុម្ភ:ឆ្នាំ ២០២៥ ត្រូវបានសមត្ថកិច្ចនគរបាលបញ្ជូនខ្លួន លោក ទឺ ពិទូ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដើម្បីបន្តនីតិវិធី ។
ករណីនេះ លោក ប៊ុន អ៊ុយ មេប៉ុស្តិ៍ សង្កាត់អូរស្មាច់ បានបញ្ជាក់ប្រាប់មកកាន់អង្គភាព គេហទំព័រ មាតុភូមិ តាមទូរស័ព្ទ ថា : លោក ទឺ ពិទូ ពិតជាត្រូវបានឃាត់ខ្លួន សំរាកនៅក្នុងប៉ុស្តិ៍១យប់ពិតប្រាកដមែន ហើយឥលូវត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមបទចោទ តាមមាត្រា ៤៩០ ពីបទ កាន់កាប់អាវុធ គ្រាប់រំសេវ ដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរ និងសមត្ថកិច្ច និងមាត្រា ទី៤៩១ ពីបទ បោះបង់អាវុធគ្រឿងផ្ទុះ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកដទៃក្នុងទីសាធារណ: នៃក្រមព្រហ្មទណ្ឌ ។
ក្នុងនាមថ្នាក់ដឹកនាំអង្គភាព គេហទំព័រ មាតុភូមិ ខ្ញុំបាទ ស៊ុន សុផល និពន្ធនាយក ក៏ដូចជាលោក ជា ច័ន្ទប្រាកដ ចាងហ្វាងការផ្សាយ មិនរារាំង ចំពោះចំណាត់ការតាមផ្លូវច្បាប់របស់សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ ចំពោះលោក ទឺ ពិទូ ភ្នាក់ងាររបស់យើងខ្ញុំនោះទេ ។ ខ្ញុំបាទ គ្រាន់តែចង់បញ្ជាក់ និងជំរាបជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ ខេត្តឧត្តរមានជ័យ ពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកមេត្តាជ្រាបថា : លោកទឺ ពិទូ ពិត ជាបានផ្សាយ live បង្ហាញពីទីតាំងគ្រាប់មីនតោន១គ្រាប់ និងបានហៅមិត្តភក្តិទៅយកគ្រាប់ មីន និងដឹកជញ្ជូនមកប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរស្មាច់ ដើម្បីផ្តល់ដំណឹងអោយខាងសុីម៉ាក់ មកទទួលយកថែរក្សាទុក ពុំមានចេតនាអ្វីក្រៅពីនេះផ្សេងទេ ហើយម្យ៉ាងទៀតក៏ពុំបានយល់ដឹងជ្រៅជ្រះអំពីផ្លូវច្បាប់ប៉ុន្មានដែរ ទើបសំរេចចិត្តដឹកគ្រាប់មីននេះ មកប្រគល់ជូនសមត្ថកិច្ចដោយទឹកចិត្តស្មោះត្រង់សុទ្ធសាទ ។ ដូច្នេះ ក្នុងនាមថ្នាក់ដឹកនាំអង្គភាព គេហទំព័រ មាតុភូមិ សូមគោរពស្នើសុំការយោគយល់អធ្យាស្រ័យ ដោយក្តីសណ្តោសប្រណី ពីថ្នាក់ដឹកនាំគ្រប់ថ្នាក់ លើកលែងទោសកំហុស និងធ្វើការអប់រំណែនាំលោក ទឺ ពិទូ អោយដឹងខុសត្រូវលើផ្លូវច្បាប់ អំពីរឿងដឹកជញ្ជូនគ្រាប់រំសេវ ហើយដោះលែងអោយគាត់មានសេរីភាពឡើងវិញ ដោយក្តីអនុគ្រោះ ៕
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីខ្ញុំបាទ ស៊ុន សុផល និពន្ធនាយក គេហទំព័រ មាតុភូមិ www.meatophoum.com
Post a Comment