នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យស្រាវជ្រាវករណីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិ.ង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស

 


ភ្នំពេញ : នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស  នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។


លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងរាជអាវុធហត្ថ សូមគោរពជម្រាបជូនព័ត៌មានបន្ថែម អំពីយោធិននៃកងរាជអាវុធហត្ថ ដែលបានប្រើអំពើហិង្សាលើព្រះសង្ឃ នៅវត្តសំបួរមាស ដូចខាងក្រោម ៖

១- យោធិនរូបនោះ ឈ្មោះ សយ ច័ន្ទសាក់ដារ៉ា ឋានន្តរសក្តិ ពលបាលឯក ចូលបម្រើទ័ព ឆ្នាំ២០២៣ វគ្គបណ្ដុះបណ្តាលជំនាន់ទី៤៦ ជានាយទាហានរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

២- កងរាជអាវុធហត្ថយើងខ្ញុំ សោកស្តាយ និងសូមទោសជាសាធារណ:ចំពោះទង្វើរបស់យោធិនរូបនេះ។

៣- លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមនីតិវិធី ទាំងអង្គហេតុ និងអង្គច្បាប់ ចំពោះករណីនេះ។

៤-កងរាជអាវុធហត្ថ រងចាំទទួលយកនូវព័ត៌មាន និងភស្តុតាងពាក់ព័ន្ធនឹងករណីនេះពីគ្រប់មជ្ឈដ្ឋាន។


Theme images by Radius Images. Powered by Blogger.