ករណីអគ្គីភ័យឆាបឆេះ ក្លឹប ស៊ីន ជានហ៊ួយ ខេធីវី (ក្លឹប EDM ចាស់) នៅក្រុងប៉ោយប៉ែត...
បន្ទាយមានជ័យ : នៅវេលាម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយបានឆាបឆេះ ក្លឹប ស៊ីន ជានហ៊ួយ ខេធីវី (ក្លឹប EDM ចាស់) នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ភ្លាមៗនោះដែរឃើញមានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការវរៈសេនាតូចការពារព្រំដែនគោកលេខ៨៩១,៩១១ នាំយករថយន្តទឹក សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងយោធាសឹករងក្រុង ប្រជាការពារ អាជ្ញាធរមូលដ្ឋាន ក្រុមពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូ ជួយអន្តរាគមន៍ពន្លត់ទីតាំងកើតហេតុខាងលើ ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ករណីអគ្គីភ័យនេះបង្កឡើងដោយសារទុស្សេចរន្តអគ្គីសនី ម៉ាស៊ីនត្រជាក់ ទើបបណ្តាលឲ្យឆាបឆេះក្លឹបអស់មួយភាគធំ តែមិនបានបណ្តាលឲ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ។
ប្រតិបត្តិការនេះ ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ត្រូវបានសមត្ថកិច្ចយើងពន្លត់ទាន់ពេលរហូតដល់ម៉ោង៧:៣០នាទី ទើបរលត់ទាំងស្រុង៕
Post a Comment