ជនជាតិថៃប្រុសស្រីចំនួន១១៩នាក់ ត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅស្រុកកំណើតវិញ ក្រោយរកឃើញថា បានលួចឆ្លងដែនមកស្នាក់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជំនាញចូលរួមសហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការប្រគល់-ទទួល និងបញ្ជូនចេញជនជាតិថៃ ចំនួន១១៩នាក់ ស្រី៥៨នាក់ ទៅប្រទេសកំណើតវិញ។
ជនជាតិថៃប្រុសស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន កាល ពីថ្ងៃ ២២ និង ២៣ ខែកុម្ភៈ ២០២៥ ។
ពិធីប្រគល់ទទួលឲ្យភាគីថៃ ធ្វើឡើងលើស្ពានមិត្តភាព កម្ពុជាថៃ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ខាងថៃច្រកក្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ៕
Post a Comment