ចិន ស្រីដា ត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដោះលែងឲ្យមានសេរីភាពវិញហើយ...


សៀមរាប :  ចិន ស្រីដា ត្រូវបានដោះលែងចេញពីពន្ធនាគារខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ក្រោមការសម្រេចរបស់សាលាឧទ្ធរណ៍បាត់ដំបង។ 

ចិន ស្រីដា អាយុ២៧ឆ្នាំ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល អតីតអធិការនគរបាលស្រុកតាវែង ខេត្តរតនគិរី, អតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងពេលនេះបម្រើការងារនៅនាយកដ្ឋានវិទ្យុទាក់ទង បានប្តឹងពីបទ គំរាមកំហែងហែកកេរ្តិ៍ ហើយត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥។ 

ក្រោយនាងត្រូវបានចាប់ខ្លួន និងឃាត់ខ្លួន ព័ត៌មាននេះត្រូវបានចែកចាយព្រោងព្រាតតាមបណ្តាញសង្គម និងមានប្រតិកម្មជាហូហែរ ព្រោះមហាជនយល់ថា ចិន ស្រីដា គឺជាម្ចាស់បំណុល ឲ្យលុយទៅលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ខ្ចីតែបែរជាត្រូវចាប់ខ្លួនទៅវិញ។ 


តាមការបញ្ជាក់របស់តុលាការខេត្តសៀមរាប និងព័ត៌មានដែលខ្ញុំទទួលបាន ចិន ស្រីដា បានឲ្យលោក សម្បត្តិ កុសល និងប្រពន្ធ ខ្ចីលុយ តែពេលនាងទារវិញមិនសង នាងក៏យករូបថតពួកគេទាំង២នាក់ទៅបង្ហោះទារលុយតាមបណ្តាញសង្គម ជាហេតុធ្វើឲ្យលោក សម្បត្តិ កុសល ខឹងហើយទៅប្តឹងតែម្តង។ 

យ៉ាងណាក៏ដោយ ការសម្រេចដោះលែងនាងឲ្យនៅក្រៅឃុំរបស់សាលាឧទ្ធរណ៍បាត់ដំបង គឺជាការសម្រេចដ៏ត្រឹមត្រូវ និងបានផ្តល់យុត្តិធម៌ដល់ម្ចាស់លុយ ដែលគ្នាត្រូវរងគ្រោះដោយការខាតលុយហើយ ខ្លួនត្រូវជាប់គុកទៀត៕




Theme images by Radius Images. Powered by Blogger.