ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ អញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើករណីក្រុមហ៊ុនឯកជនចាក់ដីចូលទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង !

 


កំពង់ឆ្នាំង  :  យោងតាមផេកផ្លូវការរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នាសាលប្រជុំនៃសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមនៃអាជ្ញាធរទន្លេសាប ក្រុមការងារក្រសួងនិងអាជ្ញាធរទន្លេសាប មេធាវីប្រចាំក្រសួង និងមានការចូលរួមពីតំណាងក្រុមហ៊ុនទឹកស្អាត ដើម្បីពិនិត្យ និងពិភាក្សាលើករណីក្រុមហ៊ុនចាក់ដីចូលទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។


ឯកឧត្តម អ៊ុក វុទ្ធី បានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលអង្គប្រជុំបានសម្រេចលើ ៣ចំណុចដូចខាងក្រោម៖

១)តម្រូវឱ្យក្រុមហ៊ុនទឹកស្អាតកាយទំនប់យកអាចម៍ដីចេញពីទន្លេវិញស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេសរបស់អ្នកជំនាញក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលមានសមត្ថកិច្ច។

២)ក្រុមហ៊ុនទឹកស្អាត ស្នើសុំទុករយៈពេល ១៥ ថ្ងៃ ដោយក្រុមហ៊ុននឹងចាប់ផ្តើមកាយដីចេញជាបណ្ដើរៗ ក្នុងរយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះតទៅ និងរៀបចំប្លង់បច្ចេកទេសតាមការកំណត់របស់ក្រសួង និងមន្ទីរពាក់ព័ន្ធ។

៣)ក្រុមហ៊ុនទឹកស្អាត ត្រូវស្នើសុំទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកំណត់ទីតាំងសម្រាប់បូមទឹកឆៅ សម្រាប់ផលិតទឹកស្អាត ដោយមានការចូលរួមពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្របតាមច្បាប់។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងចាក់ដីចូលទន្លេសាបរបស់ក្រុមហ៊ុនទឹកស្អាត ដោយលើកជាទំនប់ការពារម៉ាស៊ីនបូមទឹកពីការរំខានដោយកំប្លោកក្នុងទន្លេ ដែលផ្ទុយទៅនឹងមាត្រា១២ និងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានតម្រូវឱ្យក្រុមហ៊ុនកាយដីចេញវិញឱ្យដូចស្ថានភាពដើម និងពិគ្រោះយោបល់ផ្នែកបច្ចេកទេសជាមួយក្រសួងធនធានទឹក និងឧតុនិយម៕






Theme images by Radius Images. Powered by Blogger.